តើមានអ្វីកើតឡើងនៅកំពង់សោម?

កាលពីពេលថ្មីៗនេះ ខ្ញុំនិង​មិត្ត​ភក្តិ​ពីរបី​នាក់​ផ្សេង​ទៀត​បានទៅចូលរួម​កម្មវិធីមង្គលការ​​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហនុដែល​នៅ​ឆ្ងាយ​ពី​ទីរួម​ខេត្ត​ព្រះ​សីហនុ​គួរសម​ដែរ។ ក្រោយ​ពី​កម្មវិធី​មង្គល​ការ​ត្រូវ​​បាន​បញ្ចប់ ពួក​យើង​​ក៏ឆ្លៀត​ទៅលេងទីរួម​ខេត្ត​ព្រះសីហនុ (​កំពង់សោម) ​មួយយប់​មួយថ្ងៃ​​ដើម្បី​​លំហែកាយ​ ជា​ពិសេសគឺ​​ដើម្បី​ទៅ​លេង​សមុទ្រ​តែ​ម្តង​ ប៉ុន្តែ​ពួក​យើង​ម្នាក់ៗ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​អំពី​អ្វី​ដែល​ពួក​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ពេល​ទៅ​ដល់​ទី​នោះ។

ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មិត្ត​ភក្តិ​ដទៃ​ទៀត​ដែល​​​ធ្លាប់​ទៅ​លេង​កំពង់សោម​កាល​ពីប្រម៉ាណ​៣ឆ្នាំ​មុន ដូច្នេះ​ខ្ញុំអាច​​នៅ​ចង​ចាំ​រូបភាព​ច្រើន​អំពីទី​នោះ​ ប៉ុន្តែ​​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ក្រោយ​ពី​ទៅ​ដល់​ទី​នោះ​លើក​នេះ​។ ខ្ញុំ​ធ្លាប់​តែ​លឺគេនិយាយ​ និង​ឃើញ​ការផ្សព្វផ្សាយ​តៗគ្នា​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​រឿង​អសណ្តាប់ធ្នាប់​មួយ​ចំនួន​នៅ​កំពង់សោម ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ និង​មិត្ត​ភក្តិ​របស់​ខ្ញុំ​​បាន​ឃើញ​ជាក់​ស្តែង​គឺ​លើស​ពីអ្វី​ដែល​គេ​ផ្សព្វ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុកទ្វេដងទៅ​ទៀត​។  ខាង​ក្រោម​នេះ​ជា​ចំនុច​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ជាក់​ស្តែង​ក្នុង​ពេល​ខ្ញុំ​ទៅ​លេង​កំពង់សោម​ម្តង​នេះ៖

១. ភ្ញៀវ​ជាតិ និង​អន្តរជាតិ៖ ខ្ញុំ​សង្កេត​ឃើញ​ថាភ្ញៀវ​ជាតិ និង​អន្តរជាតិ(ក្រៅពីជនជាតិចិន)​គឺ​មាន​ចំនួន​តិចតួច​បំផុត​ដែល​ទៅ​លេង​ទី​នោះ(សមុទ្រ) ដោយ​មនុស្ស​ភាគ​ច្រើន​ដែល​យើង​បាន​ជួប​គឺ​ជា​ជន​ជាតិ​ចិនដែល​រស់​នៅ​ទី​នោះ​តែម្តង(មិន​មែន​ជាភ្ញៀវ​ដែល​ទៅលេង​មួយថ្ងៃ​ពីរថ្ងៃ​នោះ​ទេ) ហើយ​ភ្ញៀវ​ខ្មែរ​វិញ​ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​មិន​មែន​ជា​អ្នក​ដែល​ធ្វើ​ដំណើរ​កំសាន្ត​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​ និង​អ្នក​ដែលមក​ពី​ខេត្ត​ឆ្ងាយ​មក​ធ្វើ​ការ​នៅ​ទី​នោះ​ច្រើន​ជាង។

២. សេវាកម្ម៖ ខ្ញុំ​នឹង​មិត្ត​ភក្តិ​មិន​បាន​កក់ផ្ទះ​សំណាក់​មុន​ឡើយមុន​​ពេល​ពួក​យើង​ទៅ​លេងទី​នោះ​ ដោយ​ពួក​យើង​បាន​ព្រម​ព្រៀង​គ្នា​ថា​​ចាំពេល​ទៅ​ដល់​ចាំ​ដើរ​រក​ជាក់​ស្តែង​តែ​ម្តង ​ហើយ​ណា​មួយ​ដោយ​សារ​ពួក​យើង​គិត​ថា​ថ្ងៃ​ដែល​ពួក​យើង​ទៅ​លេង​នោះ​មិន​ត្រូវថ្ងៃ​ចុងសប្តាហ៍ផង ហើយ​ក៏មិន​មែន​ថ្ងៃ​បុណ្យ​ទាន​អ្វី​ដែរ​ដូច្នេះ​ប្រហែល​ជា​មិន​ខ្វះ​ទេ​ផ្ទះ​សំណាក់នោះ​ ប៉ុន្តែ​ជាក់​ស្តែង​អ្វីៗ​គឺ​ខុស​ពីការរំពឹង​ទុក​របស់​ពួក​យើង​ស្រឡះ។ ពួក​យើង​ចំណាយ​ពេល​ជាង​៥ម៉ោង​ដើម្បី​ស្វែង​រក​ផ្ទះ​សំណាក់ ហើយ​ស្ទើរ​តែ​នាំ​គ្នា​ត្រលប់​មក​ភ្នំពេញ​វិញ​ទាំង​ល្ងាចនោះ​​ទៅ​ហើយ។ ផ្ទះសំណាក់​ភាគ​ច្រើន​ដែល​មាន​គឺ​ជា​របស់​ចិន ហើយ​មាន​តម្លៃ​ខ្ពស់កប់ពពកស្ទើរ​តែ​ស្មើសណ្ឋាគារ​លំដាប់​ផ្កាយ​នៅ​សៀម​រាប ឬភ្នំពេញ​ទៅ​ហើយ​ ហើយ​ផ្ទះ​សំណាក់ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ខ្មែរ​គឺ​មាន​តម្លៃ​មិន​ក្រោម ​៤០ដុល្លារ​ទេ​ក្នុង​មួយយប់ (សម្រាប់​មនុស្ស​ពីរនាក់)​។ ចុង​ក្រោយ​ពួក​យើង​ក៏រក​បាន​ផ្ទះ​សំណាក់​មួយបន្ទប់​​ដែល​មាន​តម្លៃ​៤០ដុល្លារជាង​ក្នុង​មួយ​យប់​​ហើយ​ម្ចាស់​ផ្ទះ​សំណាក់​តំរូវ​ឲ្យ​សម្រាក​បាន​យ៉ាង​ច្រើន​បំផុត​៤នាក់​ប៉ុណ្ណោះ​ក្នុងមួយ​​បន្ទប់​នោះ​ ប៉ុន្តែ​ដោយ​សារ​ពួក​យើង​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ជួល​បន្ទប់​ផ្សេង​មួយ​ទៀត​ផង ពួក​យើង​ក៏​ត្រូវ​បន្ថែម​លុយ​បន្តិច​ទៀត​ឲ្យ​ម្ចាស់​ផ្ទះ​ដើម្បីសំរប​សំរួល​ឲ្យ​​បាន​ដេកគ្នា​ទាំង​​៦នាក់​ក្នុង​បន្ទប់តូច​ចង្អៀត​​នោះ។

៣. ហេដ្ឋា​រចនា​សម្ព័ន្ធ និងបរិស្ថាន​ក្នុងក្រុង​៖ ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់​តែ​សស្អាត​ ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ មាន​​មនុស្ស​ម្នា​ច្រើន​ ប្រែ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​សំរាម ទឹក​ខ្មៅកខ្វក់ និង​មិន​សូវ​មាន​មនុស្ស​ទៅ​លេង​ប៉ុន្មាន​ឡើយ ហើយ​បើ​និយាយ​ពីផ្លូវ​ថ្នល់​ក្នុង​ក្រុង​វិញ​គឺខ្ញុំ​មិន​អាច​​រក​ពាក្យ​អ្វី​មក​ប្រៀបធៀប​​ឃើញ​សោះឡើយ ព្រោះ​សូម្បី​តែថ្នល់​ក្រហម​ជនបទ​នៅ​ស្រុក​ខ្ញុំ​ក៏ខ្ញុំ​គិត​ថា​គង់​នៅ​ល្អ​ជាង​ទី​នោះ​ដែរ។

៤.​ បញ្ហា​ស្លាកយីហោពាណិជ្ជកម្ម៖ ខ្ញុំ​ធ្លាប់​បាន​ឃើញការ​ផ្សព្វ​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់​ទង​នឹង​រឿង​​អាជ្ញាធរ​បាន​ចុះ​ណែនាំ​ឲ្យម្ចាស់​អាជីវកម្ម​ទាំង​អស់​ត្រូវ​តែ​​សរសេរ​អក្សរខ្មែរ​ពីលើ​អក្សរ​បរទេសនៅ​លើ​ស្លាក​យីហោ​របស់​ខ្លួន​។ តាម​ការ​សង្កេត​របស់​ខ្ញុំ​ឃើញ​ថា​ស្លាក​យីហោ​ស្ទើរ​តែ​១០០% គឺបាន​ដាក់​អក្សរ​ខ្មែរ​នៅ​ខាង​លើ​អក្សរបរទេស(ចិន)​តាម​ការណែនាំ​​មែន ប៉ុន្តែ​អ្វី​ដែល​ជាចំនុច​​ខ្វះ​ខាត​នោះ​គឺ​ចំណង​ជើង​ជា​ភាសា​​ខ្មែរ​ទាំងនោះ​ហាក់​មាន​ភាពឆ្គងខ្លាំង​មែន​ទែន​ ឬយើង​អាច​និយាយ​បាន​យ៉ាង​ខ្លី​ថាជន​ជាតិ​ចិន​ទាំង​នោះ​ប្រហែល​ប្រើ​កម្មវិធី​បក​ប្រែ​ណាមួយ​ដូច​យ៉ាង Google Translate ជាដើម​ដើម្បី​បកប្រែ​ពីភាសា​ចិន​មក​ជាខ្មែរ​ដោយ​មិន​ចាំបាច់​ពឹង​ពាក់​ជន​ជាតិ​ខ្មែរ​ឲ្យ​បកប្រែ​ឲ្យ​ឡើយ​។ ឧ. ពាក្យ​ដែល​យើង​អាច​ស្តាប់​ និង​ទទួល​យកបាន​គឺ «ផ្ទះជួល» ប៉ុន្តែ​ស្លាកយីហោទាំងនោះ​បែរ​ជា​ដាក់​ថា «ការជួល​»ទៅ​វិញ​ជាដើម។ល។ ហើយ​បើនិយាយ​ពី​ប្រភេទ​ពុម្ភអក្សរ​វិញ​គឺរឹត​តែ​យ៉ាប់​មើល​ណាស់​ទៅ​ទៀត​ ព្រោះ​ជា​ធម្មតា​ក្នុង​ការ​សរសេរ​លើ​ស្លាក​យីហោ​ គេ​ត្រូវ​ប្រើ​ពុម្ភ​អក្សរ​ឆ្លាក់(អក្សរធំ) ប៉ុន្តែស្លាក​យីហោ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​កំ​ពង់សោម​ជាក់​ស្តែង​ភាគ​ច្រើន​មិនត្រឹម​តែ​ប្រើអក្សរ​តូចទេ ប៉ុន្តែ​ថែម​ទាំង​ប្រើ​ពុម្ភអក្សរ​ដូចដែលយើងសរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ហ្វេសប៊ុក​អញ្ចឹង​ដែរគឺ​គ្មាន​សោភ័ណ​ភាព​អ្វី​បន្តិច​សោះឡើយ​។

៥. ស្ថាប័ន​អប់រំ៖ ​ខ្ញុំ​និង​មិត្ត​ភក្តិ​បាន​ជិះ​ម៉ូតូ​ក្រឡឹង​ជុំ​វិញ​ក្រុង​មួយ​ជុំ​ធំដើម្បី​ចង់​ដឹង​ពី​ស្ថាន​ភាព​ជាក់​ស្តែង​នៅទីនោះ​យ៉ាង​ណា​។ ជា​ការ​កត់​សម្គាល់​​ ខ្ញុំ​ស្ទើរ​តែ​រក​ស្ថាប័ន​អប់រំ​ក្នុង​ក្រុង​មួយ​គ្មាន​ឡើយ​ មិនចំពោះ​ថា​​ស្ថាប័ន​អប់រំ​ឯកជន ឬ​ស្ថាប័ន​រដ្ឋឡើយ​ និង​សូម្បី​តែ​សាលា​ភាសា​បរទេស​តូចតាចក៏​គ្មាន​ដែរ​។ ខ្ញុំ​នៅ​ចាំ​បាន​ថា​មាន​​តែ​សាលា​រដ្ឋ​មួយ​ប៉ុណ្ណោះ​ដែល​ពួក​យើង​បាន​ឃើញនៅ​ទី​​​នោះ​គឺ​​ វិទ្យាល័យ​ព្រះសីហនុ ហើយ​ភាគ​ច្រើន​បំផុត​នៅក្នុងទី​​ក្រុងគឺជា​កាស៊ីណូតែ​ម្តង​។

រូបភាព៖ រង្វង់​មូល​តោពីរ​នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ​កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ទៅ​លេង​កាល​ពី​អំឡុង​ខែ​តុលា ឆ្នាំ២០១៩

ខ្ញុំ​មិន​ដឹង​ថា​តើ​មាន​អ្វីកើត​ឡើង​នៅ​ពី​ក្រោយ​ភាព​​រញ៉េរញ៉ៃ​នេះ​ឡើយទើបធ្វើ​ឲ្យ​កំពង់​សោម​​​ក្លាយ​ទៅ​ជា​ដូច្នេះ? ហើយ​មិន​ដឹង​ថា​អនាគត​កំពង់​សោម​នឹង​ក្លាយ​ជាយ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ជា​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ​ក្រោយ​ពី​បាន​ឃើញ​ទិដ្ឋភាព​ជាក់​ស្តែង​ទាំង​ប៉ុន្មាន​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ខ្ញុំ​មាន​អារម្មណ៍​ថា​ទឹក​ដី​កំពង់​សោម​ដូច​មិន​មែន​ទឹក​ដី​ខ្មែរទៀត​​ឡើយ ហើយ​ខ្ញុំ​ហាក់​មាន​អារម្មណ៍ថា​ខ្លួន​ឯង​ដូច​ជា​ជន​បរទេស​ម្នាក់​ទៅ​លេង​នៅ​ទី​នោះ​ដូច្នោះ​ដែរ​។​

វីដេអូ​ដែល​បាន​ផ្លាស់​ប្តូរ​ការ​គិត​របស់​ខ្ញុំ

កាលពីអំឡុង​ឆ្នាំ​២០១៧-២០១៨ ខ្ញុំគឺ​ជា​បុគ្គលិក​បំរើការងារវេន​យប់ម្នាក់​​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ ដោយ​ហេតុ​តែ​ការ​ងារ​វេន​យប់​នោះ​មិន​សូវជា​មមាញឹក​ប៉ុន្មាន​ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេល​ទំនេរ​មួយចំនួន​​ដើម្បី​ធ្វើ​អ្វី​ផ្សេងទៀតបន្ទាប់​ពី​ធ្វើការងារ​ប្រចាំ​ថ្ងៃ​រួច​រាល់​​ ហើយភាគ​ច្រើន​​​ខ្ញុំបាន​ចំ​ណាយ​ពេល​វេលា​ទំនេរ​ទាំង​នោះ​​មើល​វីដេអូ YouTube។ មានយប់មួយនោះខ្ញុំបានជួបវីដេអូមួយដោយចៃដន្យ ហើយ​ខ្ញុំ​ក៏បាន​​ចុច​មើលវា​ ប៉ុន្តែខ្ញុំ​មិន​នឹក​ស្មាន​ថា​វីដេអូជាង ១០នាទី​នោះ​បាន​ផ្លាស់​ប្តូរ​ជីវិត និង​ការ​គិត​​របស់​ខ្ញុំ​​​យ៉ាង​ច្រើន​ ដូច្នេះ​ខ្ញុំ​ចង់​ចែក​រំលែក​វីដេអូ​នោះ​ដល់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា​ដើម្បី​ទស្សនា​ក្នុង​ទីនេះ​ផងដែរ​។

វីដេអូ​នោះ​និយាយ​អំពី​ទឹកចិត្ត​របស់​ស្រ្តីម្នាក់​ឈ្មោះ​ថា Thesa ដែលបាន​ទទួលយកកូន​អ្នក​ជិត​ខាង​ម្នាក់​របស់​នាង​​មក​ចិញ្ចឹម​ក្រោយពី​អ្នក​ជិតខាង​របស់​នាងនោះ​បាន​ស្លាប់ចោល​ពួក​គេ ហើយ​ក្រោយ​មក​ទៀត​សាច់​រឿងនេះ​ក៏​ត្រូវ​បានគេ​​ផ្តល់​ដំណឹង​ដល់​កម្ម​វិធី​ទូរទស្សន៍បែប​មនុស្ស​ធម៌​មួយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ Fox ដែល​មាន​ឈ្មោះ​ថា​​ Fox Surprise Squad ដើម្បីចុះ​មក​យក​ពត៌មានផ្ទាល់នៅ​ផ្ទះ​របស់​នាង​​​ ព្រម​ទាំង​​ផ្តល់​ជំនួយ​ដល់​ក្រុម​គ្រួសារ​របស់​នាងផងដែរ​។

សាច់​រឿង​នេះ​គឺ​ចាប់​ផ្តើមនៅ​ពេល​ដែល​អ្នក​ជិត​ខាង និង​ជា​មិត្ត​ភក្តិ​​ម្នាក់​របស់​ Thesa ​ដែល​មាន​ឈ្មោះ​ថា​ Audrey ដែល​ជា​ម្តាយ​របស់​ក្មេង​៣នាក់​បាន​សុំ​ផ្ញើរ​កូន​របស់​គាត់​ឲ្យ​នៅ​គេ​ង​ជា​មួយ​នាង​ផង​ដោយ​សារគាត់​​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ និងសម្រាក​នៅ​ឯមន្ទីរ​ពេទ្យ។ លទ្ធ​ផល​ពិនិត្យ​សុខ​ភាព​បាន​បង្ហាញ​​ថា​ Audrey មាន​ជំងឺ​មហារីក​ក្រពះ និង​បំពង់​អាហារ ដែល​មិន​អាច​ឲ្យ​នាង​អាច​មាន​ជីវិត​រស់​នៅ​យូរ​ឆ្នាំ​បាន​ទៀត​ឡើយ​។

ដោយ​ដឹង​ច្បាស់​ថា​ខ្លួននឹង​​មិន​អាច​រស់​នៅ​បាន​យូរ​ទៀត​​ Audrey ក៏​បាន​សុំ​ផ្ញើរ​កូន​របស់​នាងទាំង​៣នាក់​ឲ្យ​ Thesa ​ជួយ​មើល​ថែរ ហើយ​​នាង​ក៏បាន​ចាត់​ចែង​រត់​ការ​ដើម្បី​ឲ្យ​ Thesa ក្លាយទៅ​​​ជាអណាព្យាបាល​ស្របច្បាប់របស់​កូន​ទាំង​៣នាក់​របស់​នាងនោះ​​​។ ក្រោយ​មក​ទៀត​មិន​យូរ​ប៉ុន្មាន​ Audrey ក៏​បានលាចាក​លោក​ទៅ ហើយ​ Thesa ដែល​មាន​កូន​បង្កើត​៥នាក់​ស្រាប់​ហើយ​នោះ ក៏​បាន​ក្លាយទៅ​​ជា​ម្តាយ​ចិញ្ចឹម​របស់​កូន​៣នាក់​បន្ថែម​ទៀត។ ដូច្នេះ​ក្រុម​គ្រួសារ​របស់​ Thesa ​ក៏បាន​ក្លាយទៅ​​ជា​ក្រុម​គ្រួសារមួយ​​ដែល​មាន​សមាជិកផ្លូវ​ការ​​ទាំង​អស់ចំនួន​ ​១០នាក់​ (គិត​ទាំង​នាង និង​ប្តី​របស់​នាង​ផង) ចាប់​ពី​ពេល​នោះ​មក។

គ្រួសារ​របស់​ Thesa មិន​មែន​ជា​គ្រួសារ​ធូរធា​ប៉ុន្មាន​នោះ​ទេ ដោយ​នាង​ផ្ទាល់​គឺ​គ្រាន់​តែ​ជាបុគ្គលិក​គិត​លុយ​ម្នាក់​នៅ​ក្នុង​ហាង​មួយ​តែ​ប៉ុណ្ណោះ​​ ចំណែក​ឯប្តី​របស់​នាង​គឺ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុង​កាស៊ីណូមួយ​កន្លែង ប៉ុន្តែ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ទទួល​យកកូន​ទាំង​៣នាក់​របស់​ Audrey មក​ចិញ្ចឹម​គឺ​ដោយ​សារ​ក្មេងទាំង​៣នាក់​​នោះ​ និង​កូន(​បង្កើត)​របស់​នាងគឺ​​ជា​មិត្ត​ភក្តិជិត​ស្និទ្ធ​​នឹង​គ្នា​ផង​ និង​ដោយ​សារ​ក្តីអាណិត​អាសូរ​របស់​នាង​ចំពោះ​ក្មេងៗ​ទាំង​នោះ​ផង។ ក្នុង​ចំនុច​មួយ​អ្នក​សម្ភាសន៍​បាន​សួរ​នាង​​ថា៖ មូល​ហេតុ​អ្វីដែល​ធ្វើ​ឲ្យ​នាង​សម្រេច​ចិត្ត​ទទួល​យក​ក្មេង​ទាំង៣នាក់​នោះ​មក​ចិញ្ចឹម(ដែល​ធ្វើ​ឲ្យ​នាង​កាន់​តែ​មាន​បន្ទុក​ធ្ងន់បន្ថែម​​ទៀត)ដូច្នេះ​? នាង​បាន​ឆ្លើយ​ថា៖ ក្មេងៗទាំង​នោះ​គឺមាន​ភាព​​ស្មោះ​ត្រង់ ហើយ​ពួក​គេ​គឺ​សាកសម​មាន​គ្រួសារ​ដ៏កក់ក្តៅ​មួយ(ពួក​គេ​មិន​គួរ​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា​ឡើយ)។ ​នាង​បាន​បន្ត​ទៀត​ថា នាងមិន​បាន​ឲ្យ​ក្មេងៗ​ទាំង​នោះ​ធ្វើ​អ្វី​ឡើយ​ ហើយ​នាង​គឺ​ជា​អ្នក​ទទួល​រ៉ាប់​រង​ទាំង​អស់ ព្រោះ​នាង​គិត​ថា​ក្មេងៗគឺ​សាកសម​ទទួល​បាន​ភាព​ជា​កុមារ​របស់​គេ (ពួក​គេ​សាក​សមទទួល​បាន​ការ​សប្បាយតាម​បែប​ក្មេងៗដូច​ក្មេង​ដទៃទៀត​​ ព្រម​ទាំង​​សាក​សមទទួល​បាន​ការ​មើល​ថែរពីអណាព្យាបាល​ផង​ដែរ)។

ចង់​ដឹង​ថា​សាច់​រឿង​ពិស្តារ​ក្នុង​វីដេអូ​​យ៉ាង​ណានោះ​ សូម​លោក​អ្នក​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

ចំណាប់​អារម្មណ៍ផ្ទាល់​ខ្លួន៖

វីដេអូ​នេះ​បានចូល​​​រួម​ចំណែក​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​យ៉ាង​ខ្លាំង​ក្នុង​ការ​តស៊ូ​ក្នុងឆាក​​ជីវិតរបស់​ខ្ញុំ​​។ ខ្ញុំ​នៅ​ចាំ​បាន​ថា​ កាល​ពី​ខ្ញុំ​មើល​វីដេអូ​នេះ​ជា​​លើក​ដំបូង​ ខ្ញុំ​បាន​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ក្រោយ​មក​ទៀតនៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​​ថាអស់​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ​ក្នុង​ជីវិត​ ​ខ្ញុំតែង​តែត្រលប់​មក​មើល​វីដេអូ​នេះជាញឹកញាប់​​។

ខ្ញុំ​គឺ​ជា​មនុស្ស​ដែល​មាន​ក្តី​សុបិន្ត​ធំធេង​ម្នាក់ ប៉ុន្តែ​ព្រម​ជា​មួយ​គ្នា​នោះ​ផង​ដែរ​ពេល​ខ្លះ​ខ្ញុំ​ហាក់​មាន​អារម្មណ៍ថា​​នឿយណាយក្នុង​ការ​ពុះ​ពារ​ដើម្បី​សម្រេច​ក្តីសុបិន្ត​ទាំងនោះ​​ ដោយ​សារ​ពេល​ខ្លះ​ខ្ញុំ​ពុំ​ដឹង​ថា​ ខ្ញុំ​ធ្វើ​ដើម្បី​អ្វី? ឬ​ខ្ញុំ​ធ្វើ​ដើម្បី​នរណា?​ ប៉ុន្តែវីដេអូនេះ​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​ថា​៖ «​​​ខ្ញុំ​ត្រូវ​តែ​តស៊ូ​ដើម្បី​នរណា​ម្នាក់ ឬបុព្វហេតុ​អ្វី​មួយ​»។ ​សម្រាប់​ខ្ញុំ​អ្នក​ដែល​បាន​ជួយបុគ្គល​ដទៃ​ ឬអ្នក​ដែល​បាន​បំរើ​ការងារ​សង្គម​របស់​ពួក​គេ​ដោយ​មិន​រំពឹង​ការតបស្នងត្រលប់​មកវិញ គឺ​សាក​សម​ទទួល​បាន​ការ​តបស្នងជាទី​បំផុត​​ ហើយ​ខ្ញុំ​ចង់​មានឳកាស​ដើម្បី​ជួយ​មនុស្ស​ទាំងនោះ។

មាន​​ប្រយោគ​មួយ​ឃ្លា​បាន​ពោល​ថា៖​ «មនុស្ស​គ្រប់រូប​មាន​ដៃពីរ ដៃ​ម្ខាង​គឺ​សម្រាប់​ជួយខ្លួន​ឯង ចំណែក​ឯដៃ​ម្ខាង​ទៀត​គឺ​សម្រាប់​ជួយ​អ្នក​ដទៃ»។

ទីកន្លែង​ដែល​ខ្ញុំ​ចូលចិត្ត​ទៅ​មួយ​រយៈចុង​ក្រោយ​នេះ​

ខ្ញុំគិតថាមនុស្សម្នាក់ៗសុទ្ធតែមានពិភពផ្ទាល់ខ្លួនរបស់គេរៀងៗខ្លួន ហើយពិភពផ្ទាល់ខ្លួនដែលខ្ញុំចង់និយាយសំដៅនៅពេលនេះគឺអាចជាទីកន្លែង ឬពេលវេលាណាមួយដែលធ្វើឲ្យបុគ្គលណាម្នាក់អាច​ប្រែក្លាយពីមនុស្សសាមញ្ញទៅជាមនុស្សអស្ចារ្យ ឬមានថាមពលខុសប្រក្រតីជាដើមមួយរំពេចភ្លាមនៅពេលណាដែលគេបានទៅដល់ទីកន្លែង ឬពេលវេលាទាំងនោះ ហើយ​ខ្ញុំ​ក៏​មិន​ខុស​ពី​មនុស្ស​គ្រប់​គ្នា​ដែរ​។ សម្រាប់​ខ្ញុំ​ ប្រសិន​បើ​គេឲ្យខ្ញុំទៅកំសាន្តនៅទីកន្លែងដែលមានកម្មវិធីធំដុំ មានតន្រ្តីអឺងកង ឬមានមនុស្ស​ម្នា​អ៊ូអរ​ច្រើន​ជាដើម​​ប្រហែល​ជាមិនសូវ​ត្រូវធាតុ​គ្នា​ជា​មួយ​ខ្ញុំ​ប៉ុន្មាន​នោះទេ ប៉ុន្តែបើគេឲ្យខ្ញុំទៅកន្លែងដែលស្ងប់ស្ងាត់ មានវាលស្រូវវាលស្រែ ឬភ្នំជាដើមប្រហែលជាខ្ញុំ​មាន​និស្ស័យ​ជា​មួយ​ច្រើនជាង។ ​ក្នុងថ្ងៃនេះខ្ញុំសូមលើកយកទីកន្លែងមួយដែលខ្ញុំឧស្សាហ៍ទៅញឹកញាប់ជាងគេក្នុងមួយរយៈពេល​ចុងក្រោយនេះមកចែកជូនមិត្តអានគ្រប់គ្នាក្នុងទីនេះ។

ប្រសិនបើយើងធ្វើដំណើរពីភ្នំពេញឆ្ពោះទៅកាន់ផ្សារឧត្តុង្គ(ខេត្តកំពង់ស្ពឺ) កាត់តាមផ្លូវជាតិលេខ៥ ហើយជិតដល់ផ្សារឧត្តុង្គយើងនឹងឃើញក្លោងទ្វារយ៉ាងធំមួយចូលទៅភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្សនៅខាងឆ្វេងដៃ។ នៅតាមផ្លូវចូលទៅកាន់ភ្នំនោះ ចម្ងាយប្រមាណជា១គីឡូម៉ែត្រ(ពីក្លោងទ្វារចូល) ឬជាង២គីឡូម៉ែត្រពីជើងភ្នំ មានហាងកាហ្វេមួយនៅខាងឆ្វេងដៃមានឈ្មោះថា LADA Café ដែលទីនោះហើយជាទីកន្លែងដែលខ្ញុំចូលចិត្តទៅញឹកញាប់ជាងគេមួយរយៈពេលចុងក្រោយនេះ។

រូបថត៖ កែវកាហ្វេរបស់ខ្ញុំពេលមួយដែលខ្ញុំទៅញ៉ាំកាហ្វេនៅហាងកាហ្វេនោះ

ដោយសារកាលពីពេលថ្មីៗនេះខ្ញុំទើបតែលាឈប់ពីការងារចាស់របស់ខ្ញុំ(ព្រោះមានមូលហេតុផ្ទាល់ខ្លួនខ្លះ)ផង និងដោយសារតែខ្ញុំមិនទាន់ដល់ពេលចាប់ផ្តើមការងារថ្មីរបស់ខ្ញុំផង ជាហេតុធ្វើឲ្យខ្ញុំមានពេលដកឃ្លាមួយចំនួនដើម្បីធ្វើកិច្ចការងារសំខាន់ៗមួយចំនួនក្នុងជីវិតរបស់ខ្ញុំដូចជា ការរៀបចំផែនការជីវិត ការស្រាវជ្រាវផ្សេងៗ ព្រម​ទាំង​ការសរសេរប្លុក(ដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ)ផងជាដើម ហើយខ្ញុំជា​ញឹក​ញាប់​តែងតែជ្រើសរើសយកទីនោះដើម្បីធ្វើកិច្ចការងារទាំងនេះ។ ខ្ញុំហាក់មានអារម្មណ៍ល្អពេលខ្ញុំទៅទីនោះម្តងៗ ព្រមជាមួយគ្នានោះផងដែរនៅពេលណា​ដែល​ខ្ញុំ​មានពេលសេសសល់ពីការធ្វើកិច្ចការងាររបស់​ខ្ញុំ​ ខ្ញុំតែងតែឆ្លៀតឳកាសឡើងលើ​ភ្នំ(ព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស)ដែលនៅមិនឆ្ងាយពីទីនោះប៉ុន្មាន​ដើម្បីជា​ការ​កំសាន្តផង និងដើម្បីថ្វាយបង្គំព្រះពុទ្ធ​បដិមា​នៅ​លើ​កំពូល​ភ្នំ​ផងដែរ។

រូបថត៖ ទិដ្ឋ​ភាព​ពី​លើ​ភ្នំ​អដ្ឋរស្ស ឬ​ភ្នំ​ព្រះ​រាជទ្រព្យ (ពីលើព្រះសក្យមុនីចេតិយ)

មានថ្ងៃមួយនោះ ប្រហែលជាដោយសារឃើញខ្ញុំទៅញ៉ាំកាហ្វេនៅទីនោះញឹកញាប់ប្លែក និងប្រហែលជាសង្ស័យថាខ្ញុំជាអ្នករស់នៅក្បែរៗនោះហើយ ម្ចាស់ហាងកាហ្វេក៏បានសួរខ្ញុំថា៖ អូននៅខាងណាវិញ? ហើយខ្ញុំបានប្រាប់ទៅគាត់វិញថា៖ ខ្ញុំនៅភ្នំពេញបង។ ពេលនោះគាត់ហាក់មានអារម្មណ៍ថាភ្ញាក់ផ្អើលបន្តិច ព្រោះហេតុអ្វីបានជាខ្ញុំជិះម៉ូតូរាប់គីឡូដីមកផឹកកាហ្វេនៅហាងគាត់ដូច្នេះ? ហើយណាមួយ​ខ្ញុំ​ទៅញឹកញាប់ដែរ។

តាមការពិតទៅអ្វីដែលធ្វើឲ្យខ្ញុំសម្រេចចិត្តធ្វើដំណើររាប់គីឡូដីដើម្បីទៅញ៉ាំកាហ្វេនៅទីនោះ ពុំមែនដោយសាររសជាតិកាហ្វេនៅទីនោះមានលក្ខណៈពិសេសប្លែក ឬមានតម្លៃថោកជាងកាហ្វេនៅទីក្រុងអ្វីនោះទេ ប៉ុន្តែដោយសារខ្ញុំចូលចិត្តបរិយាកាសនៅទីនោះច្រើនជាង។ នៅទីនោះមានភាពស្ងប់ស្ងាត់ល្អ នៅក្បែរជើងភ្នំ មានខ្យល់អាកាសបរិសុទ្ធ។ល។ ដែលជាអំណោយទានល្អសម្រាប់អ្នកដែលចូលចិត្តធ្វើការងារដែលត្រូវការប្រើការគិតច្រើនដូចរូបខ្ញុំ ហើយបើនិយាយពីការរៀបចំវិញក៏មានលក្ខណៈស្តង់ដារមិនចាញ់ហាងកាហ្វេទីក្រុងភ្នំពេញប៉ុន្មានឡើយ ឬអាចនឹងល្អជាងហាងកាហ្វេមួយចំនួនក្នុងទីក្រុងថែមទៀតផង ព្រោះ​នៅ​ទី​នោះ​មានការតុបតែងល្អ ដូចជាមានដាំរុក្ខជាតិ និង​ផ្កាចំរុះពណ៌ មានអង្រឹងសម្រាប់គេងលេង និងមានកញ្ចុះសម្រាប់អ្នកទៅញ៉ាំជាក្រុមជាដើម។ ចំនុច​ដែលធ្វើឲ្យខ្ញុំមិនសូវចូលចិត្តហាងកាហ្វេក្នុងទីក្រុងត្រង់ថា៖ ភាគច្រើនហាងកាហ្វេនៅទីក្រុងសំបូរទៅដោយអ្នកដែលទៅផឹកកាហ្វេដើម្បីតែ​អួតសំញែងសម្ភារៈនិយមគ្នា អ្នកលេងហ្គេម និងមិន​សូវ​ចេះ​គោរព​សិទ្ធិ​អ្នក​ដទៃ​ប៉ុន្មាន​នោះទេ។

ខ្ញុំពុំមែនជាសាច់ញាតិ ឬជា​មិត្តភក្តិរបស់ម្ចាស់ហាងកាហ្វេខាង​លើ​នោះទេ​ ហើយក៏ពុំបានទទួលផលប្រយោជន៍អ្វីមួយកាក់មួយសេនពីការផ្សព្វផ្សាយនេះផង​ដែរ ប៉ុន្តែ​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សរសេរ​ពិពណ៌នា​អំពី​ទី​នោះ​ដោយ​សារ​តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ចែក​រំលែក​អំពី​អ្វី​ដែល​ខ្ញុំ​គិត​ថា​ល្អ និង​ជា​ចំណង់ចំនូល​ចិត្តផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​នៅ​តែ​ទន្ទេញ​ដដែល​ថា៖ កន្លែង​ខ្លះ​ដែល​អ្នក​ដទៃ​គិត​ថា​អស្ចារ្យ​ អាច​ត្រឹម​តែ​ជា​កន្លែង​សាមញ្ញ​របស់​ខ្ញុំ​តែប៉ុណ្ណោះ​ ហើយ​កន្លែង​ខ្លះ​ដែល​អ្នក​ដទៃ​គិត​ថា​សាមញ្ញ​ អាច​ជា​កន្លែង​អស្ចារ្យ​សម្រាប់​ខ្ញុំ។

ហេតុផលដែលអ្នកត្រូវស្រលាញ់មនុស្សរាល់គ្នាដែលអ្នកបានជួប

កាលខ្ញុំនៅបំរើការងារជាបុគ្គលិកសណ្ឋាគារ(ក្នុងអំឡុងឆ្នាំ២០១៥) ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលមួយស្តីអំពីការផ្តល់សេវាកម្ម និងបដិសណ្ឋារកិច្ចដល់ភ្ញៀវដែលរៀបចំឡើងដោយថ្នាក់គ្រប់គ្រងរបស់សណ្ឋាគារ និងដែលឧទ្ទេសនាមផ្ទាល់ដោយថៅកែរបស់សណ្ឋាគារដែលខ្ញុំបានបំពេញការងារនោះ ។

មានចំនុចមួយដែលធ្វើឲ្យខ្ញុំនៅតែចងចាំជានិច្ចពីវគ្គបណ្តុះបណ្តាលនោះរហូតមកទល់នឹងសព្វថ្ងៃនេះ ហើយចង់ចែករំលែកវាដល់អ្នកអានគ្រប់គ្នាគឺ ពេលមួយនោះថៅកែរបស់ខ្ញុំបានប្រាប់ទៅកាន់បុគ្គលិកទាំងអស់គ្នាថា៖ នៅពេលណាអ្នកទាំងអស់គ្នាជូនដំណើរភ្ញៀវ(ពេលភ្ញៀវចាកចេញទៅវិញ) បើមានពេលគ្រប់គ្រាន់សូមអ្នកទាំងអស់គ្នាឈរចាំជូនដំណើរភ្ញៀវ(នៅខាងក្រៅ)រហូតទាល់តែភ្ញៀវ ឬយានយន្តដែលដឹកភ្ញៀវនោះចាកចេញផុតពីកន្ទុយភ្នែករបស់អ្នកទាំងអស់គ្នាសិនសឹមត្រលប់ចូលមកក្នុងសណ្ឋាគារវិញ។ តើអ្នកទាំងអស់គ្នាដឹងទេ? នៅក្នុងទស្សនៈវិជ្ជារបស់ខុងជឺ (ដែលក្រោយមកបានក្លាយជាទំនៀមទំលាប់របស់ប្រជាជនចិន) នៅពេលណាដែលម្ចាស់ផ្ទះត្រូវជូនដំណើរភ្ញៀវណាម្នាក់ដែលបានមកលេងផ្ទះរបស់ខ្លួន(ត្រលប់ទៅវិញ) ម្ចាស់ផ្ទះនោះត្រូវឈរចាំជូនដំណើរភ្ញៀវនោះរហូតទាល់តែភ្ញៀវនោះចាកចេញផុតពីកន្ទុយភ្នែកទើបអាចត្រលប់ចូលក្នុងផ្ទះវិញបាន។ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើដូច្នេះ?

ការលាគ្នាតាមបែបប្រពៃណីបុរាណរបស់ជនជាតិចិន (រូបភាពដងស្រង់ចេញពីខ្សែភាពយន្តបុរាណរបស់ចិន នគរទាំង៣ ឬសាមកុក)
  1. អ្នកត្រូវដឹងថាសព្វថ្ងៃនេះចំនួនមនុស្សលោកនៅលើភពផែនដីគឹមានចំនួនរាប់ពាន់លាននាក់ និងសុទ្ធតែរស់នៅទីតាំងផ្សេងៗគ្នាទាំងអស់ ហើយមនុស្សយើងម្នាក់ៗមិនអាចជួបឬស្គាល់មនុស្សទាំងអស់ក្នុងពិភពលោក ឬសូម្បីតែមួយប្រទេសបានឡើយ ដូច្នេះការដែលបានជួបនរណាម្នាក់ក្នុងជីវិតរបស់យើងនេះគឺជារឿងកម្របំផុត ឬអាចរាប់បានថាមាននិស្ស័យជាមួយគ្នាណាស់ទៅហើយទើបអាចជួបគ្នាបានដូច្នេះ។
  2. ក្រោយពេលបែកគ្នាទៅ យើងមិនដឹងថាតើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នកនោះ ឬក៏តើនឹងមានរឿងអ្វីកើតឡើងចំពោះខ្លួនយើងនោះឡើយ ដូចនៅក្នុងប្រយោគភាសាអង់គ្លេសមួយឃ្លាបានពោលថា៖ “Nobody knows when the last goodbye is”   ប្រែថា៖ គ្មាននរណាម្នាក់អាចដឹងឡើយថាការលាគ្នាលើកចុងក្រោយគឺនៅពេលណានោះឡើយ។ បើនិយាយឲ្យងាយស្តាប់ទៅគឺយើងពុំដឹងក្រោយពេលបែកគ្នាហើយ តើអ្នកនោះនឹងជួបគ្រោះថ្នាក់អ្វីឬក៏អត់ ឬក៏ថាតើយើងនឹងជួបគ្រោះថ្នាក់អ្វីឬក៏អត់នោះឡើយ ដូច្នេះយើងពុំដឹងថាការជួបគ្នាពេលនេះគឺជាការជួបគ្នាលើកចុងក្រោយ ឬក៏អាចមានពេលជួបគ្នាម្តងទៀតបាននោះទេ។

    Nobody knows when the last goodbye is (រូបភាពពីអ៊ីនធឹណេត)
  3. បើទោះជាមនុស្សដែលយើងបានជួប និងយើងខ្លួនឯងពុំមានគ្រោះថ្នាក់អ្វីក៏ដោយ ក៏យើងពុំដឹងថាតើក្រោយពេលអ្នកនោះចាកចេញពីយើងទៅតើគាត់នឹងបន្តដំណើរទៅណាទៀត? តើគាត់នឹងត្រលប់មកកន្លែងនេះម្តងទៀតដែរឬទេ? ពេលខ្លះអ្នកនោះគេត្រូវធ្វើដំណើរទៅទីកន្លែងផ្សេងទៀតក្នុងពិភពលោក ឯយើងនៅទីនេះដដែល ពេលខ្លះទៀតអ្នកនោះត្រលប់មកទីនេះវិញ ប៉ុន្តែយើងបានចាកចេញទៅទីកន្លែងផ្សេងបាត់ទៅហើយ ឬមួយវិញទៀតយើងនៅកន្លែងនេះដដែលប៉ុន្តែបុគ្គលនោះមិនបានត្រលប់មកទីនេះវិញជាដើម។ល។
  4. បើនិយាយពីរឿងសង្សារវដ្តគឺវារឹតតែវែងឆ្ងាយ និងគួរឲ្យសង្វេគណាស់ទៅទៀតពីព្រោះយើងមិនដឹងថាអ្នកណាមកពីណា(ជាតិមុននរណាជាអ្វី?) ហើយអ្នកណានឹងទៅណា(ក្រោយពេលស្លាប់ទៅអ្នកណានឹងទៅកើតនៅទីណា?) ដូច្នេះការដែលបានជួបគ្នាក្នុងមួយខណៈៗក្នុងវាលវដ្តសង្សារ ឬជាតិនេះ ហើយពេលខ្លះបានក្លាយជាក្រុមគ្រួសារ ឬមិត្តភក្តិនឹងគ្នាគឺសុទ្ធតែអាចរាប់បានថាមាននិស្ស័យជាមួយគ្នាណាស់ទៅហើយ។

ចាប់តាំងពីបានស្តាប់នូវទស្សនៈមួយនេះមក ពេលណាក៏ដោយដែលមានភ្ញៀវត្រូវចាកចេញទៅវិញហើយឲ្យតែខ្ញុំមានពេលវេលាគ្រប់គ្រាន់ខ្ញុំតែងតែងជួយជញ្ជូនឥវ៉ាន់ភ្ញៀវដាក់រថយន្ត ឬរម៉កកង់បីដែលគាត់ត្រូវជិះ បន្ទាប់មកខ្ញុំតែងតែឈរជាការជូនដំណើរភ្ញៀវរហូតទាល់តែភ្ញៀវ ឬយានយន្តដែលដឹកភ្ញៀវនោះចាកចេញផុតពីកន្ទុយភ្នែករបស់ខ្ញុំ(ដល់ផ្លូវបត់)ទើបខ្ញុំត្រលប់ចូលទៅក្នុងសណ្ឋាគារវិញ ដែលផ្ទុយស្រឡះពីពេលមុនដែលខ្ញុំគ្រាន់តែជួយជញ្ជូនឥវ៉ាន់ភ្ញៀវដាក់រថយន្តហើយខ្ញុំក៏ត្រលប់ចូលក្នុងសណ្ឋាគារវិញ។ ខ្ញុំបានបន្តធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ញុំពុំបានសម្តែង ឬធ្វើដើម្បីគ្រាន់តែល្អមើលនោះឡើយ ប៉ុន្តែគឺដោយសារខ្ញុំយល់ទៅដល់ចំនុចទាំងប៉ុន្មានដូចដែលខ្ញុំបានរៀបរាប់មកពីខាងលើនោះឯង។

ទស្សនៈមួយនេះមិនត្រឹមតែជះឥទ្ធិពលទៅលើសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្ញុំប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបានកែប្រែឥរិយាបថរបស់ខ្ញុំចំពោះមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំផងដែរ ជាពិសេសចំពោះក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់តែម្តង។ អាចនិយាយបានថាកាលពីមុនខ្ញុំគឺជាមនុស្សដែលអាត្មានិយមម្នាក់ ពីព្រោះខ្ញុំមិនសូវខ្វាយខ្វល់ពីអ្នកដទៃប៉ុន្មានឡើយរួមទាំងក្រុមគ្រួសាររបស់ខ្ញុំផងដែរ។ ខ្ញុំតែងតែគិតថាអ្នកណាចង់ទៅណាទៅ ចង់អ្នកណាកើតអីកើតទៅ យើងរស់ដោយយើង គេរស់ដោយគេ។ ប៉ុន្តែក្រោយមកទស្សនៈមួយនេះបានកែប្រែខ្ញុំឲ្យក្លាយទៅជាម​នុស្សថ្មីម្នាក់ផ្សេងទៀត ដោយខ្ញុំចាប់ផ្តើមគិតថាមនុស្សគ្រប់គ្នាគឺ សុទ្ធតែសំខាន់ទាំងអស់។

​តើអ្នកដឹងទេថាអ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុតរៀងរាល់ពេលដែលខ្ញុំទៅលេងផ្ទះ(ស្រុកកំណើត)ម្តងៗ? គឺការហូបបាយជុំគ្នាជាមួយក្រុមគ្រួសារ។ ខ្ញុំមិនដែលប្រាថ្នាការជប់លៀងធំដុំ ឬសូម្បីតែការធ្វើកម្មវិធីបុណ្យទានធំដុំអ្វីនោះឡើយ ផ្ទុយមកវិញខ្ញុំតែងតែអន្តរាគមន៍ដើម្បីឲ្យមានការហូបបាយជុំគ្នា។ ជារឿយៗខ្ញុំតែងតែខឹងនឹងលោកឪពុករបស់ខ្ញុំដោយសារតែជាញឹកញាប់គាត់តែងតែឲ្យសមាជិកគ្រួសារហូបបាយមុនហើយគាត់តែងតែហូបបាយនៅពេលក្រោយស្ទើររៀងរាល់ថ្ងៃ។  សម្រាប់ខ្ញុំ រឿងខ្លះដែលអ្នកដទៃគិតថាជារឿងអស្ចារ្យ វាអាចជារឿងសាមញ្ញសម្រាប់ខ្ញុំតែប៉ុណ្ណោះ ហើយរឿងខ្លះដែលអ្នកដទៃគិតថាជារឿងសាមញ្ញ វាអាចជារឿងអស្ចារ្យបំផុតសម្រាប់ខ្ញុំ។ ឧទាហរណ៍៖ ក្នុងថ្ងៃនេះអ្នកប្រហែលជាអាចគិតថាបរិយាកាសនៃការហូបបាយជុំគ្នាជាមួយក្រុមគ្រួសារ ការរៀនថ្នាក់ជុំគ្នាជាមួយមិត្តភក្តិជាដើមគឺជារឿងសាមញ្ញតែប៉ុណ្ណោះ ប៉ុន្តែថ្ងៃណាមួយអ្នកនឹងដឹងថារូបភាពមួយសន្លឹកៗនៃការញ៉ាំបាយជុំគ្រួសារ ឬជាមួយមិត្តរួមថ្នាក់របស់អ្នកគឺមានតម្លៃរកអ្វីមកកាត់ថ្លៃពុំបានឡើយ ព្រមជាមួយគ្នានោះផងដែរអ្នកនឹងយល់ភ្លាមថាបរិយាកាសបែបនោះនឹងគ្មានថ្ងៃកើតឡើងម្តងទៀតបានឡើយ។ សូមចងចាំថាអ្វីដែលអ្នកគិតថាជារឿងសាមញ្ញក្នុងថ្ងៃនេះអាចនឹងក្លាយទៅជារឿងអស្ចារ្យបំផុតទៅថ្ងៃអនាគត។